Left Out Banner
Right Out Banner

សម្តេច​ក្រឡាហោម ស ខេ​ង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប

45

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ឯកឧត្តម ទៀ សីហា ឋានន្តរ​ស​កិ្ត ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ អភិបាលរង​ខេត្ត ត្រូវ​បាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់ ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជំនួស​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ភារកិច្ច​។ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​កិច្ច​ស្វាគមន៍ និង​របាយការណ៍​ស្តី​ពី​សមិទ្ធផល​ដែល​បាន​កសាង និង​អភិវឌ្ឍន៍​ក្នុង​ខេត្ត ព្រមទាំង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​បាន​លើក​នូវ​បញ្ហា​ប្រឈម និង​ឧបសគ្គ​មួយ​ចំនួន ព្រមទាំង​ការ​កំណត់​ដែន​សមត្ថ​កិច្ចការ​ទទួលខុសត្រូវ​រវាង​ស្ថាប័ន​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឲ្យ​ការ​អនុវត្ត​ភារកិច្ច ទទួលខុសត្រូវ​ក្នុង​កិច្ចការរដ្ឋបាល​ថ្នាក់​ក្រោម ជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

បន្ទាប់​ពី​រាយការណ៍​របស់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុ​ន​សុង រួច​មក ឯកឧត្តម អ៊ូង ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ បាន​អាន​នូវ​ព្រះរាជក្រឹត្យ ស្តី​ពី​ការ​តែងតាំង​ឯកឧត្តម ទៀ សីហា ឋានន្តរ​ស​កិ្ត ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ ឲ្យ​កាន់​មុខ​តំណែង ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​ដឹកនាំ​ការ​អភិវឌ្ឍន៍ គ្រប់​វិស័យ​បន្ត​ជំនួស ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ភារកិច្ច​។ បន្ទាប់​ពី​អាន​ព្រះរាជក្រឹត្យ​រួច​សម្តេច​ក្រឡាហោម ស ខេ​ង ប្រគល់​ព្រះរាជក្រឹត្យ និង​ត្រា​រដ្ឋបាល​ខេត្ត ព្រមទាំង​ការ​ប្តេជ្ញា​ចិត្ត​របស់​ឯកឧត្តម អភិបាលខេត្ត ដែល​ទើប​តែងតាំង​ថ្មី​រួច​មក​។ សម្តេច​ក្រឡា ហោម ស ខេ​ង ក៏​បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា តាម​ច្បាប់​ក្រឹត្យក្រម​របស់​មន្ត្រីរាជការ​គ្រប់​រូប ជា​គណៈ​អភិបាលខេត្ត ស្រុក ដែល​បាន​បម្រើ​ការងារ​គ្រប់ អាណត្តិ​របស់​ខ្លួន ឬ​ក៏​បាន​គ្រប់​អាយុ បំពេញការងារ គឺ​ត្រូវ​ចូល​និវត្តន៍ មិន​ថា​ថ្នាក់ដឹកនាំ​មន្ត្រី បុគ្គលិក​ឡើយ​។

ការ​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត​នេះ ក៏​មានការ​ជឿជាក់​យ៉ាង​ច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​ការ​លើកទឹកចិត្ត​ដល់ មន្ត្រី​ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ​។ សម្តេច​ក៏​បាន​កោតសរសើរ​នូវ​សម​ទ្ធិ​ផល ដែល​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុ​ន​សុង ដឹកនាំ​កន្លង​មក ធ្វើ​ឲ្យ​ខេត្ត​មានការ​ប្រែ​មុខមាត់​ថ្មី ហើយ​សម​ទ្ធិ​ផល​ទាំងនេះ ក៏​កើតឡើង​ពី​សន្តិភាព ហើយ​ក៏​ជា​សម​ទ្ធិ​ផល​ទាំងនេះ ជា​ការ​ពង្រឹង​នូវ​សន្តិភាព​នៅ​កម្ពុជា​។ ក្នុង​នោះ​ដែរ​សម្តេច​ក្រឡា ហោម​បាន​លើក​នូវ​ចំណុច​សំខាន់​ៗ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ​យក​ទៅ​អនុវត្ត​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​នោះ បាន​ផ្តោត​សំខាន់​លើ​ការ​បង្កើត​ច្រក​ចេញចូល​តែ​មួយ ក្នុង​បម្រើសេវា​សាធារណៈ​ឲ្យ​កាន់តែ​នៅ​ជិត ប្រជាពលរដ្ឋ ក្នុង​ការ​ទំនាក់ទំនង និង​ស្វែងរក​នូវ​ឯកសារ​ផ្សេង​ៗ តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ ព្រមទាំង​ការងារ​ផ្ទេរ​មុខងារ និង​ធនធាន​ផង​ដែរ​។

សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​លើក​ផង​ដែរ អំពី​ការ​ពង្រឹង​នូវ​សមត្ថភាព និង​គុណភាព​នៃ​ចំណេះដឹង​ដល់​មន្ត្រីរាជការ ដោយ​ធ្វើការ​បណ្តុះបណ្តាល ផ្ទាល់​នៅ​ថ្នាក់​មូលដ្ឋាន ក្នុង​ការ​ងាយស្រួល​ដល់​មន្ត្រី​បំពេញការងារ​រដ្ឋបាល​នៅ​មូលដ្ឋាន​។ សម្តេច​ក៏​បាន​លើក​ឡើង​អំពី​ច្បាប់​មួយ​ចំនួន ដែល​ក្រសួង​បាន​រៀបចំ ដែល​ជា​វិធានការ​បង្ក្រាប និង ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​មួយ​ចំនួន សំខាន់​ទាក់ទង​ធនធានធម្មជាតិ ក្នុង​គោលដៅ​ដើម្បី​ធ្វើការ​អភិរក្ស ធនធានធម្មជាតិ​ទាំងនោះ​។ ក្នុង​នោះ​ដែរ​សម្តេច​ក្រឡាហោម ក៏​បាន​ផ្តាំផ្ញើ​ដល់​ឯកឧត្តម​អភិបាលខេត្ត​ថ្មី ដែល​ទើប​ចូល​កាន់​តំណែង ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យ​មានការ​រីក​ចម្រើន បន្ថែម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ចម្បង ហើយ​ក៏​ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង គណៈ​អភិបាល​លើ​ការ​ដឹកនាំ គ្រប់គ្រង​បណ្តា​មន្ទីរ ស្ថាប័ន និង​អង្គភាព​ក្នុង​ខេត្ត​ឲ្យ​បាន​ល្អ និង បង្កើន​ការ​ពង្រឹង​នូវ​របៀបរបប​ការងារ​រដ្ឋបាល នៅ​ក្នុង​ស្ថាប័ន ព្រមទាំង​មានការ​ទំនាក់ទំនង​ឲ្យ​បាន​ល្អ ជាមួយ​មន្ទីរ ស្ថាប័ន អង្គភាព លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ និង ប្រជាជន ដោយ​ខេត្តសៀមរាប ជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត​៕

 

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង