Left Out Banner
Right Out Banner

ករណី​ជះ​ស្រា​បៀ​លើ កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ​បាន​បញ្ចប់​ត្រឹម​សងជំងឺចិត្ត​១​ម៉ឺន​ដុល្លារ

87

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ជះ​ស្រា​បៀ​រលើ​កញ្ញា ទេព បូ​ព្រឹក្ស តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នោះ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដោយ​ភាគី​ជន​បង្ក​ឈ្មោះ ឆេ​ង រស្មី បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ និង​សងជំងឺចិត្ត​ទៅ​កញ្ញា ទេព បូ​ព្រឹក្ស ចំនួន​១០,០០០​ដុល្លារ ដើម្បី​ជា​ការ​លុបលាង​កំហុស​របស់​ខ្លួន​។ កញ្ញា ទេព បូ​ព្រឹក្ស ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃនេះ បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​នេះ​គឺ​ភាគី​ខាង​កញ្ញា និង​ជន​បង្ក​បាន​ព្រមព្រៀង​គ្នា ដោះស្រាយ​បញ្ចប់​រួចរាល់​ហើយ ដោយ​តម្រូវ​ឲ្យ​ជន​បង្ក​សុំ​ទោស និង​សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស ដែល​ពី​មុន​កញ្ញា​ទាមទារ​១០​ម៉ឺន​ដុល្លារ មក​នៅ​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។

បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា ទេព បូ​ព្រឹក្ស សម្រាប់​សំណង​ជំងឺ​ចិត្ត ១​ម៉ឺន​ដុល្លារ​នេះ កញ្ញា​នឹង​បរិច្ចាគ​៣,០០០​ដុល្លារ ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ហើយ​នៅ​សល់​៧,០០០​ដុល្លារ​ទៀត ត្រូវ​ផ្តល់​ជូន​សមាគម​អ្នកសិល្បៈ សម្រាប់​ចាត់ចែង​បន្ត​។ យ៉ាងណាមិញ ជន​បង្ក​ឈ្មោះ ឆេ​ង រស្មី ក៏​បាន​ទទួលស្គាល់​កំហុស​ផង​ដែរ ដោយ​លើក​សម្អាង​ហេតុផល​ថា មូលហេតុ​ដែល​ខ្លួន​ប្រព្រឹត្តិ​ទ​ង្វើ​ខុសឆ្គង​បែប​នេះ ដោយសារ​តែ​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង មិន​អាច​គ្រប់គ្រង​ស្មារតី​ខ្លួនឯង​បាន ហើយ​សន្យា​ថា នឹង​មិន​ឲ្យ​មាន​បញ្ហា​ទាំង​អស់នេះ កើតឡើង​ម្ដងទៀត​នោះ​ទេ​។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង ១០ និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ​បាន​បុរស ដែល​ជា​ជន​បង្ក​ឈ្មោះ ឆេ​ង រស្មី ជះ​ស្រា​បៀរ​ទៅ​លើ​រូប​នាង ខណៈ​កំពុង​ចម្រៀង​លើ​ឆាក នៅ​ចំណុច​ភោជនីយដ្ឋាន​មួយ​យីហោ «​សមុទ្រ​» ស្ថិត​នៅ​ជិត​មន្ទីរពេទ្យ​កុមារ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អស់​មហាជន ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង