Left Out Banner
Right Out Banner

វ័យ​កំពុង​សិក្សា បែរជា​បែកគំនិត​ប្លន់​ម៉ូតូ​គេ​ទៅ​វិញ !

56

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ជនសង្ស័យ​ជា​យុវជន​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​នគរបាល​យុត្តិធម៌ ខេត្តព្រៃវែង ដឹកនាំ​ផ្ទាល់​ដោយ​លោក ពៅ ជីវី ស្នងការ​រង​ខេត្ត សហការ​ជាមួយ​លោក ស៊ឹ​ម កុសល អធិការ​ស្រុក​ពារាំង ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​។ ក្រោយ​ពួក​គេ​ឃុបឃិត​គ្នា រៀប​គម្រោង​យក​កូនកាំបិត​ភ្ជង់​ប្លន់ យក​ម៉ូតូ​ក្មេង​ស្រី​ជា​សិស្សសាលា​បាន​១​ថ្ងៃ​។

លោក ពៅ ជីវី ស្នងការ​រង​ខេត្តព្រៃវែង​បាន​ថ្លែងប្រាប់ សារព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បី​នាក់​រួម​មាន​៖ ទី​១-​ឈ្មោះ ភា ស្រី​លី​ន ភេទ​ស្រី អាយុ ១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ ព្រៃ​ព្នៅ​, ទី​២-​ឈ្មោះ លឹ​ម ម៉េ​ង​លាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថា្ន​ក់​ទី​១០ នៃ​វិទ្យាល័យ ព្រៃ​ព្នៅ​, ទី​៣-​ឈ្មោះ លឹ​ម ស៊ីវ​ឡុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ ព្រៃ​ព្នៅ​, អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។

រីឯ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ភិន សុខ​ឡេ​ង ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​អង្គារ​ដី ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​, បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ មិន​មាន​ស្លាក​លេខ​។ លោកស្នងការ​រង​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៩ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ខាងលើ​តែ​ម្នាក់ឯង ចេញពី​សាលារៀន​ព្រៃ​ព្នៅ សំដៅ​មក​ផ្ទះ​របស់​ខ្លួន នៅ​ភូមិ​អង្គារ​ដី លុះ​ជិះ​មក​ដល់​កន្លែង​ស្ងាត់ ត្រង់​ចំណុច​ទួល​កុក​សៀម ចម្ងាយ​ជិត​២​គីឡូម៉ែត្រ ខាងលិច​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ពាក់មួក​សុវត្ថិភាព ជិះ​ម៉ូតូ​មក​ជិត​រួច​កាន់​ដាវ​ប្រវែង​កន្លះ​ម៉ែត្រ មក​ភ្ជង់​ចង្កេះ​សំឡុត​នារី​រង​គ្រោះ
ឲ្យ​ចុះ​ពីលើ​ម៉ូតូ រួច​ពួក​គេ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ និង​ម៉ូតូ​ពួក​គេ​ជិះ​ម្នាក់​មួយ​គេចខ្លួន​បាត់​ស្រមោល​។
លុះដល់​រសៀល​ថ្ងៃ​ទី​០៨​ខែ​ឆ្នាំ​ដដែល នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត សហការ​ជាមួយ នគរបាល​ស្រុក​ពារាំង ដឹកនាំ​ដោយ​លោក​ផ្ទាល់ បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​ដើម្បី​សួរនាំ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ពួក​គេ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន ប្រព្រឹត្ត​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) យក​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ កាលពី​ថ្ងៃ​ទី​០៧ ពី​ជន​រង​គ្រោះ​ឈ្មោះ ភិន សុខ​ឡេ​ង ភេទ​ស្រី អាយុ​១៤​ឆ្នាំ នៅ​ភូមិ អង្គារ​ដី ឃុំ​ព្រៃ​ព្នៅ ពិតប្រាកដ​មែន ដោយ​ពួក​ខ្លួន​បាន​រៀប​គម្រោង​តាំងពី​ថ្ងៃ​ទី​២​មក​ម្លេះ​។

ដោយ​តម្រូវ​ឲ្យ​ឈ្មោះ ភា ស្រី​លី​ន ជា​អ្នកដឹកនាំ​បង្ហាញផ្លូវ រីឯ​ឈ្មោះ លឹ​ម ម៉េ​ង​លាង និង​ឈ្មោះ លឹ​ម ស៊ីវ​ឡុ​ង ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់​។ ក្រោយ​ប្លន់​ម៉ូតូ​បាន ពួក​គេ​បាន​យក​ទៅ​លាក់​ក្នុង​ព្រៃ នា​ចំណុច ក្រោយ​រមណីយដ្ឋាន (​ព្រៃ​ដើម​ស្រុក​) នៅ​ស្រុក​ស៊ី​ធរ​កណ្ដាល ហើយ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​ប្រគល់​ជូន ម្ចាស់​ដើម​វិញ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់ ត្រូវ​បាន​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចោទប្រកាន់​ទៅ​តាម​នីតិវិធី​៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង