Left Out Banner
Right Out Banner

លោក លាង រតនា ថៅកែផ្សារក្រុងព្រៃវែង យកលុយពីអាជីវករលើសសៀវភៅបន្ទុក ប្រឆាំងនឹងបទបញ្ជារដ្ឋាភិបាល

36

ខេត្ដព្រៃវែង ៖ ក្រុមអាជីវករលក់ដូរ នៅផ្សារក្រុងព្រៃវែង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កំពុងមានប្រតិកម្ម និងតឹងទ្រូងស្ទើរ គ្រប់គ្នា ព្រោះតែថៅកែផ្សាររូបនេះ កេងចំណេញពីលើពួកគាត់គ្រប់បែបយ៉ាង។ ក្រុមអាជីវករបាននិយាយថា ការកំណត់យកលុយភ្លើង ថ្លៃលើសពីគោលការណ៍ គឺមានចំនួនទ្វេដង មួយគុណជាពីរ ដោយយកលុយថ្លៃយាមកាមរាល់ខែ ហើយមិនមានការទទួលខុសត្រូវ អំពីសុវត្ថិភាពទំនិញរបស់ពួកគាត់ ដែលដាក់នៅក្នុងផ្សារ។

ជាងនេះទៅទៀត ចៅកែផ្សារបានឲ្យកូនចៅរបស់គេយកលុយភាស៊ីលើសសៀវភៅបន្ទុក យកលុយពីអ្នកលក់កញ្ច្រែងល្អី គ្មានការ លើកលែង យកលុយថ្លៃអនាម័យ និងគូសដីខណ្ឌជាប្លង់ នៅកណ្ដាលផ្សារ មានទំហំ២ម៉ែត្របួនជ្រុង ដោយកំណត់យកលុយពីអ្នក លក់មាស ជាងមាស ក្នុង១ឆ្នាំតម្លៃ៦០ម៉ឺនរៀល។ ក្រុមអាជីវករ បានបន្ដថា ថៅកែផ្សារក្រុងព្រៃវែង បានកំណត់យកលុយពីពួកគាត់ គ្មានប្រណីដៃ ក្នុងនោះយកលុយថ្លៃយាមកាម ពេលយប់ ក្នុង១ខែ១ម៉ឺនរៀលយ៉ាងទៀងទាត់។ ប៉ុន្តែថៅកែផ្សារ មិនបានធានាសុវត្ថិភាព ឬទទួលខុសត្រូវ ចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគាត់ឡើយ។

ម្ចាស់ផ្សារបានចេញលិខិតជូនដំណឹងមកអាជីវករ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដោយកំណត់ឲ្យអាជីវករទទួលខុសត្រូវ លើ សម្ភារ របស់ខ្លួនឯង។ ជាងនេះទៅទៀត ម្ចាស់ផ្សារបានកំណត់ឲ្យអាជីវករទទួលខុសត្រូវ ចំពោះមុខច្បាប់ប្រសិនបើមានអគ្គិភ័យ ឬ គ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ទាំងនេះហើយ ទើបធ្វើឲ្យអាជីវករខឹងសម្បាមកទៅលើថៅកែផ្សារថា យកលុយរហូត ប៉ុន្តែមិន ទទួលខុសត្រូវ ស៊ីខ្សែលើ កេងចំណេញពីពួកគាត់ជាអាជីវករ។

ជាងមាសជាងប្លាទីនម្នាក់ បានបញ្ជាក់ប្រាប់ថា ពួកគាត់មិនមាន តូបដូចគេទេ ហើយពួកគាត់ត្រូវបានថៅកែផ្សារឈ្មោះ លាង រតនា បានវាស់ខណ្ឌចែកទំហំដី ២ម៉ែត្របួនជ្រុង ដោយកំណត់ឲ្យគាត់បង់លុយក្នុងរយៈពេល១ឆ្នាំ ថ្លៃ៦០ម៉ឺនរៀលជាកំហិត និងបង់ អនាម័យផ្សេងទៀត។ ជាមួយគ្នានេះដែរ អ្នកមានតូបលក់អីវ៉ាន់ចាប់ហួយ ក៏ដូចជាអ្នកលក់ខោអាវសម្លៀកបំពាក់ បានអះអាងថា ពួកគាត់បង់ភាស៊ី មួយថ្ងៃ ចាប់ពី៤០០រៀលទៅដល់៥០០រៀល។

ជួនកាលបង់ជាខែ គឺ១ខែ៥ពាន់រៀល និងបង់អនាម័យ ១ថ្ងៃ ២០០រៀល បង់ថ្លៃយាមកាមពេលយប់ ១ខែ ១ម៉ឺនរៀល ហើយតូបខ្លះ អាចបង់ រហូតដល់១៧០០០រៀល។ មិនតែប៉ុណ្ណោះ ថៅកែផ្សារបានកំណត់យកលុយពីអាជីវករ ថ្លៃភ្លើងប្រើប្រាស់ ក្នុង១គីឡូវ៉ាត់ម៉ោង តម្លៃ១៣០០រៀល ហើយនេះខុសពីតម្លៃទីផ្សារដែលរដ្ឋកំណត់ឲ្យយកត្រឹម៦០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្រៅពីនេះម្ចាស់ផ្សារ បានកំណត់ប្រមូលលុយភាស៊ី ពីអ្នកលក់កញ្ច្រែងល្អី ដោយគ្មានឲ្យរំលង សូម្បីតែម្នាក់។ បើអ្នកលក់ត្រកួនមួយកញ្ច្រែង យក៥០០រៀល អ្នកលក់ត្រីសាច់ ១កញ្ច្រែង ៥០០រៀល រីឯម៉ូតូយក១០០០រៀល ក្នុងមួយគ្រឿង។

ដោយឡែកអ្នកស្រី ឃុត លន ជាអ្នកដើរយកភាស៊ីផ្សារក្រុងព្រៃវែង បានទទួលស្គាល់ថា គាត់ពិតជាបាន យកលុយពីអ្នកលក់កញ្ច្រែង កញ្ជើល្អីមែន។ ប៉ុន្តែគាត់មានការអនុគ្រោះច្រើន ខ្លះយកតែ៤០០រៀល ខ្លះយក៥០០រៀល ហើយតូបក្នុងផ្សារយកតែ២០០រៀលទេ។ ដោយឡែកតម្លៃភ្លើងវិញ គាត់មិនមែនជាអ្នកទទួលខុសត្រូវឡើយ។ លោក ម៉ន នីបណ្ឌិត អភិបាលក្រុងព្រៃវែង បានថ្លែងថា រឿងនេះ លោកមិនច្បាស់ទេ ព្រោះពេលនេះ គណៈកម្មការខេត្តកំពុងតែដោះស្រាយបញ្ហាខាងលើនេះ បន្ទាប់ពីពលរដ្ឋផ្ទុះការតវ៉ា។

រីឯលទ្ធផលបែបណានោះ លោកក៏មិនទាន់ច្បាស់ដែរ។ ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា សកម្មភាពនៃការ យកលុយភាស៊ី ពីអ្នកលក់កញ្ច្រែងល្អីបែបនេះ មាន័យថា លោក លាង រតនា ថៅកែផ្សារក្រុងព្រៃវែង ជាអ្នកបញ្ជា។ ករណីនេះ ថៅកែផ្សារកំពុងតែប្រឆាំងទៅនឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញ សារាចរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្ដីអំពីការលុបបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែងកញ្ជើល្អី។ ប៉ុន្តែផ្ទុយទៅវិញ ថៅកែផ្សារក្រុងព្រៃវែងនៅតែបន្តយកលុយពីអ្នកលក់កញ្ច្រែងល្អីដដែល៕ ប្រភព ៖  http://api.tnaot.com/article/article_detail/1592348?memberId=572336

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង