Left Out Banner
Right Out Banner

មុននឹងចេញបំពេញបេសកកម្មUN កម្ពុជាធ្វើជាម្ចាស់ហ្វឹកហ្វឺនថ្នាក់តំបន់អាស៊ានលើជំនាញមីន និងគ្រាប់មិនទាន់ផ្ទុះ

25

រាជធានីភ្នំពេញ ៖ យោងតាមមន្រ្តីអាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ នៃសិក្ខាសាលាថ្នាក់តំបន់ និងអាស៊ាន លើជំនាញ បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានរយៈពេល៣សប្តាហ៍ ដើម្បីបង្កើនសមត្ថភាពដល់កម្លាំងរក្សាសន្តិភាព មុននឹងចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេសកំពុងមានជម្លោះផ្ទៃក្នុងរបស់ខ្លួននៅតំបន់អាហ្វ្រិក។ អាជ្ញាធរមីន បានអះអាងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីនកម្រិតខ្ពស់ថ្នាក់តំបន់ និងអាស៊ានសម្រាប់គ្រូបង្គោលក្នុង ប្រតិបត្តិការ រក្សាសន្តិភាពអង្គការសហប្រជាជាតិនៅថ្ងៃទី១៣ ខែឧសភា នេះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ ។

លោក លី ធុច ,ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន ថ្លែងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះវគ្គ សិក្ខា សាលា បណ្តុះបណ្តល គ្រូបង្គោលថ្នាក់តំបន់ និងអាស៊ាន លើជំនាញបោសសម្អាតមីន ដោយសារប្រទេសកម្ពុជា គឺមានបទពិសោធន៍ គ្រប់គ្រាន់ លើជំនាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ លោកបន្តថា៖ កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សន៍មកហើយ ហើយ កងទ័ពកម្ពុជា គឺមានជំនាញច្បាស់លាស់ ក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ។ លោកបន្តថា ជាមួយគ្នា វគ្គហ្វឹកហ្វឺន លើក នេះ ក៏មានយោធាចារ្យបរទេស មកពី៥ប្រទេសផងដែរ ដែលមាន ចិន រុស្ស៊ី បារាំង អាមេរិក និងកូរ៉េខាងត្បូង។

លោកបានថ្លែងបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី៣នៃវគ្គហ្វឹកហ្វឺននេះដែលជាការបង្ហាញឲ្យឃើញពីការទទួលខុសត្រូវ ចំពោះ សមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងកម្ពុជាលើជំនាញបោសសម្អាតមីន ។ កម្ពុជាបានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបោស សម្អាតមីនដោយមានការគ្រប់គ្រង និងសម្របសម្រួលពីអាជ្ញាធរជាតិមួយទទួលបន្ទុកវិស័យមីន និងអង្គភាពប្រតិបត្តិការការងារ មីនដោយផ្ទាល់។ លោកលើកឡើងថា ក្នុងនោះ៖ រួមមានអង្គភាពកងទ័ព (NPMEC) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) Halo Trust និងអង្គការ MAG ជាដើម។

កម្ពុជាក៏បានចាត់ទុកវិស័យមីនជាអាទិភាពទី១៨បន្ថែមពីលើគោលដៅអភិវឌ្ឈប្រកបដោយចីរភាពទាំង១៧របស់អង្គការសហប្រជាជាតិ(SDGDs)ផងដែរ។ ចំណែកលោកឧត្តមសេនីយ៍ឯក កែន សូសារវឿនអគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងឱ្យ ឯកឧត្តមនាយឧត្តម សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា កម្ពុជានឹងដកស្រង់បានមេរៀន បទពិសោធន៍ថ្មីៗថែមទៀត ពីការពិភាក្សាស៊ីជម្រៅក្នុងវគ្គហ្វឹកហ្វឺននេះដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួន ថែមទៀត ក្នុងប្រតិបត្តិការរក្សា សន្តិភាពទៅអនាគត។

លោកបានបញ្ជាក់ថា វគ្គនេះ សិក្ខាកាមមានមកពី១៦ប្រទេស មានចំនួន៣៥នាក់ ដែលក្នុងនោះមានសិក្ខាកាមនារូចំនួន២នាក់ ដែលមកពីអង្គការសហប្រជាជាតិ និងរុស្ស៊ី។ វគ្គហ្វឹកហ្វឺននេះមានចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ លោកលើក ឡើងថា កិច្ចសហប្រតិបត្តិការពីសាធារណរដ្ឋបារាំង សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិកសហព័ន្ធរុស្ស៊ី សាធារណរដ្ឋកូរ៉េ តំណាងមកពី UNDP ARMAC ICRC ដែលបានផ្ដល់ហិរញ្ញវត្ថុមួយផ្នែក និងបានបញ្ជូនយោធាចារ្យមកជួយហ្វឹកហ្វឺនក្នុងវគ្គនេះ ដែលជាការបង្ហាញនូវការគាំទ្រឥតឈប់ឈររបស់ខ្លួនចំពោះសកម្មភាពមីននៅកម្ពុជា និងនៅក្នុងតំបន់៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង