Left Out Banner
Right Out Banner

ផ្លូវជាតិសំខាន់ៗក្នុងទីរួមខេត្តសៀមរាប ខូចខាតជាបន្តបន្ទាប់តែអាជ្ញាធរពាក់ព័ន្ធធ្វើមិនឃើញ

31

ខេត្តសៀមរាប ៖ ពលរដ្ឋនាំគ្នានិយាយថា ផ្លូវជាតិសំខាន់ៗមួយចំនួនក្នុងទីរួមខេត្តសៀមរាប ហាក់រងការខូចខាតយ៉ាងដំណំ អស់ជា ច្រើនឆ្នាំមកហើយ ដោយមិនឃើញមានអាជ្ញាធរពាក់ព័ន្ធ ខាងណាមួយមានវិធានការចាត់ការឱ្យមានប្រសិទ្ធិភាពក្នុងការថែទាំ ផ្លូវទាំងនេះបានសោះឡើយ។ សូមបញ្ជាក់ផងដែរថា ជញ្ជីងថ្លឹងរថយន្ត របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានដាក់ ដល់ទៅ២កន្លែង គឺក្នុងស្រុកពួក និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប រង់ចាំត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ ដែលដឹកឆ្លងកាត់ តាមដងផ្លូវជាតិលេខ៦នេះ។

ជុំវិញករណីខាងលើនេះ មហាជនងឿងឆ្ងល់ថា ហេតុអីបានជារៀងរាល់ថ្ងៃគេឃើញមានរថយន្តធន់ធំវែងៗដឹកឆ្លងកាត់ជញ្ជីង ទាំង២ ខាងលើយ៉ាងរំភើយ ដោយគ្មានការត្រួតពិនិត្យសោះឡើយ។ ក្នុងនោះក៏គេមិនដែលឃើញមន្ត្រីឈរជើងនៅទីនោះ កាក់ទម្លាក់អីវ៉ាន់ ដែលដឹកលើសទម្ងន់នោះទេ។ គេសង្ស័យថា ទង្វើបែបនេះ គឺអំពើពុករលួយ នាំឱ្យមានការឃុបឃិតគ្នាទទួលលុយសំណូក ជាថ្នូរនឹង ការមិនបង្ក្រាប។ មន្ត្រីមួយចំនួនប្រព្រឹត្តិបែបនេះ ហើយបានជាផ្លូវជាតិសំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប ដែលជាខេត្តបេះដូង ទេសចរណ៍បានរងការខួចខាតយ៉ាងដំណំ។

មហាជនបានបន្ថែមថា អស់រយៈពេលជាច្រើនឆ្នាំ និងជាច្រើនអាណត្តិមកហើយ ដែលខេត្តសៀមរាប បានរីកមុខមាត់ថ្មី និងមានហេដ្ឋា រចនាសម្ព័ន្ធស្អាតៗជាច្រើន។ ប៉ុន្តែបញ្ហាស្មុគស្មាញច្រើន ហាក់គ្មានដំណោះស្រាយសោះព្រោះតែលូក៏ស្ទះ ផ្លូវក៏ខូច ពលរដ្ឋខឹងសម្បារ ផ្លូវធ្វើរួចឃើញកាយដាក់លូ និងកាយបង្កប់ខ្សែភ្លើង។ មហាជនសំណូមពរលោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលទើបនឹង ឡើងកាន់ដំណែងថ្មីថ្មោង មេត្តាជួយពិនិត្យមើលរថយន្តធន់ធំៗដែលធ្វើឱ្យខូចផ្លូវ ហើយលោកអភិបាលខេត្តគួរមានវិធានការ ចំពោះមន្ត្រីខិលខូចខ្លះដែលប្រព្រឹត្តិអំពើពុករលួយផង។

ទាក់ទិនករណីខាងលើនេះដែរ លោក គឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប មិនអាចទាក់ទងសុំការ ពន្យល់បានទេ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ដោយហៅទូរស័ព្ទទៅលោកចូលតែគ្មានអ្នកលើក។ ទោះជាយ៉ាងណាគេសង្ឃឹមថា លោកទៀ សីហា អភិបាលខេត្តសៀមរាប នឹងអាចមានវិធានការចំពោះបញ្ហាកង្វល់មហាជន ខាងលើនេះផង៕

Banner Detail Bottom Content
អត្ថបទដែលជាប់ទាក់ទង